Header Ads

Header ADS

ប្រវត្តិចលនាកាកបាទក្រហម​



ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ

នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៨៥៩ លើសមរភូមិសុលហ្វេរីណូ (ភាគខាងជើងអ៊ីតាលី) កងទ័ពបារាំង និង អ៊ីតាលី រួមគ្នាវាយប្រយុទ្ធនឹងកងទ័ពអូទ្រីសក្នុងរយៈពេល ១៦ ម៉ោង បានបណ្តាលអោយស្លាប់និងរបួស ជាង ម៉ឺននាក់។ 
លោក ហង់រី ឌុយណង់ ពាណិជ្ជករជនជាតិស្វីស បានផ្តើមគំនិត ប្រមូលអ្នកស្ម័គ្រចិត្តជួយសង្គ្រោះអ្នករបួសទាំងនោះ ដោយពុំមានគិតខាងណាជាមិត្ត ខាងណាជាសត្រូវឡើង។ បន្ទាប់ពីព្រឹត្តិការណ៏នោះ លោក ហង់រី ឌុយណង់ បានសសេរសៀវភៅមួយ កត់ត្រាពីអ្វីៗដែលកើតមាននៅ សុលហ្វេរីណូ។ 
នៅឆ្នាំ១៨៦២ លោក ហង់រី ឌុយណង់ បានផ្សព្វផ្សាយសៀវភៅរបស់លោក មានចំណងជើងថា «អនុស្សាវរីយ៍នៅសុលហ្វេរីណូ» ដែលក្នុងនោះ លោកបានផ្តល់នូវគោលគំនិតសំខាន់ គឺ
-បង្កើតសមាគមជួយសង្គ្រោះនៅប្រទេសស្វីស ហើយនៅតាមប្រទេសនីយមួយៗ ក៏ត្រូវបង្កើតឲ្យមាន សមាគមជាតិដែលជួយសង្រ្គោះតាមប្រទេសរៀងៗខ្លួន។ 
-បង្កើតឲ្យមានច្បាប់សម្រាប់គោរពការជួយសង្រ្គោះ។
នៅប្រទេសស្វីស ឥស្សរជន រូបគឺលោក ហង់រី ឌុយណង់ ឧត្តមសេនីយ ហង់រី ឌុយហ្វូរ ឧត្តមសេនីយ ម៉យនៀ វេជ្ជបណ្ឌិត ល្វីស អាភា និង វេជ្ជបណ្ឌិត ធីម៉ូណ័រ បាននាំគ្នាបង្កើតឲ្យមាន «សមាគមអន្តរជាតិសង្រ្គោះអ្នករបួស» នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ១៨៦៣។ នៅឆ្នាំ ១៨៦៧ សមាគមនោះក៏ត្រូវបានប្រែឈ្មោះមកជា «គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម»  
នៅឆ្នាំ ១៨៦៣ នោះ ជាមួយនឹងការបង្កើតឲ្យមានសមាគមអន្តរជាតិសង្គ្រោះអ្នករបួស ក៏មានការកំណត់យក បដិរូបកាកបាទក្រហម ជាអត្តសញ្ញាណការពារ និង សម្គាល់ សេវាកម្មសង្គ្រោះអ្នករបួស ហើយនៅតាម បណ្តាប្រទេសនានាក៏ចាប់ផ្តើម បង្កើតឲ្យមានសមាគមជាតិ ធ្វើសកម្មភាពផ្តល់ជំនួយមនុស្សធម៌ជួយអ្នករបួស។ 


ប្រវត្តិកាកបាទក្រហមកម្ពុជា

កាកបាទក្រហមកម្ពុជា ជាអង្គការមនុស្សធម៌ធំជាងគេក្នុងប្រទេស។ កាកបាទក្រហមកម្ពុជាបច្ចុប្បន្នត្រូវបានទទួលស្គាល់ដោយ ព្រះរាជក្រឹត្យលេខ នស/រកត/ ០៥០២/១១៣ ចុះថ្ងៃទី ខែ ឧសភា ឆ្នាំ ២០០២ ថាជាអ្នកបន្តវេន សមាគមជាតិកាកបាទក្រហមខ្មែរ ដែលត្រូវបានបង្កើតឡើងដោយមហាសន្និបាតនៅថ្ងៃទី ១៨ កុម្ភៈ ឆ្នាំ ១៩៥៥ ហើយដែលក្នុងដំណាក់កាលនោះ ត្រូវបានទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ ៣៧៨/នស ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៩៥៨។ 
កាកបាទក្រហមកម្ពជាត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជំនួយសង្គ្រោះ និង ធ្វើជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌។ 
កាកបាទក្រហមកម្ពុជា ត្រូវបានទទួលស្គាល់ដោយ គណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម នៅថ្ងៃទី ខែ តុលា ឆ្នាំ ១៩៦០ និង ត្រូវបានបញ្ចូលជាសមាជិកទី ៨៥ របស់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅថ្ងៃទី ខែតុលា ឆ្នាំ ១៩៦០។ 

   
                       

ប្រភព៖ ទស្សនាវត្តីកាកបាទក្រហមកម្ពុជា លេខពិសេស

ចេញផ្សាយដោយ អនុគណៈកម្មការខ្លឹមសារព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៏ នៃគណៈកម្មធិការរៀបចំ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម 

No comments

Powered by Blogger.